ស្រេចតែលើព្រះជាម្ចាស់
លោកនេត(Nate) និងអ្នកស្រីសឺរីលីន(Sherilyn) មានចិត្តសប្បាយរីករាយ ពេលដែលបានឈប់ឡានតាមផ្លូវ ដើម្បីចូលញាំអាហារ នៅក្នុងភោជនីយដ្ឋាន អូម៉ាកាសេ ក្នុងដំណើរកំសាន្តនៅទីក្រុងញូយ៉ក។ អូម៉ាកាសេ ជាពាក្យមួយក្នុងភាសាជប៉ុនប្រែមកថា “ស្រេចតែលើអ្នក” បានសេចក្តីថា នៅភោជនីយដ្ឋានប្រភេទនេះ ភ្ញៀវឲ្យចុងភៅជ្រើសរើសមុខម្ហូបឲ្យខ្លួន។ នេះជាលើកទីមួយហើយ ដែលពួកគេបានសាកល្បងមុខម្ហូបនោះ ហើយហាក់ដូចជាប្រថុយបន្តិច តែទោះជាយ៉ាងណាក៏ដោយ ពួកគេចូលចិត្តអាហារដែលចុងភៅបានជ្រើសរើស និងចម្អិនឲ្យពួកគេ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអាកប្បកិរិយា ដែលយើងត្រូវមាន ពេលដែលយើងចូលទៅចំពោះព្រះ ដើម្បីទូលសូមអ្វីមួយ។ យើងត្រូវមានចិត្តមួយ ដែលចង់ឲ្យ “ព្រះទ្រង់សម្រេច តាមបំណងព្រះទ័យទ្រង់”។ ពួកសាវ័កបានឃើញព្រះយេស៊ូវ “យាងទៅទីស្ងាត់តែម្នាក់ឯង ដើម្បីអធិស្ឋាន”(លូកា ៥:១៦) ហេតុនេះហើយ ថ្ងៃមួយ ពួកគេក៏បានសូមឲ្យទ្រង់បង្រៀនពួកគេអធិស្ឋាន។ ទ្រង់ក៏បានប្រាប់ពួកគេឲ្យទូលសូមឲ្យព្រះទ្រង់បំពេញសេចក្តីត្រូវការប្រចាំថ្ងៃ សូមការអត់ទោសបាប និងសូមផ្លូវគេចចេញពីការល្បួង។ ហើយដែលសំខាន់បំផុតនោះ គឺទ្រង់បានឲ្យពួកគេមានផ្នត់គំនិតមួយដែលចុះចូលនឹងព្រះទ័យព្រះ ដោយទូល “សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ”(ម៉ាថាយ ៦:១០)។
យើងអាចទូលសូមព្រះទ្រង់បំពេញតម្រូវការគ្រប់យ៉ាងរបស់យើង ព្រោះទ្រង់សព្វព្រះទ័យនឹងស្តាប់យើងអធិស្ឋាន ចេញពីចិត្តយើង ហើយទ្រង់ក៏សប្បាយព្រះទ័យ នៅក្នុងការបំពេញសេចក្តីត្រូវការរបស់យើងផងដែរ។ ប៉ុន្តែ ក្នុងនាមយើងជាមនុស្ស ដែលសមត្ថភាពមានកំណត់ យើងមិនតែងតែដឹងថា មានអ្វីខ្លះដែលល្អបំផុតសម្រាប់ខ្លួនឯង ហើយយើងក៏សម្រេចចិត្តខុសជាញឹកញាប់ ហេតុនេះហើយ បានជាយើងចំាបាច់ត្រូវទូលសូមដោយវិញ្ញាណដែលបន្ទាបខ្លួន ដោយការចុះចូលនឹងព្រះអង្គ។ យើងអាចសូមឲ្យព្រះទ្រង់ឆ្លើយតប…
ភ្នំភ្លើងនៅក្នុងតំបន់ដ៏ស្រស់ស្អាត
មនុស្សម្នាបានឈរមើលដោយភាពស្ងាត់ស្ងៀម ខណៈពេលដែលកំអែលភ្នំភ្លើងបានហូរចេញមកយឺតៗ បញ្ចេញផ្សែងហុយៗ ហើយលាតសន្ធឹងនៅជាយកោះ ដែលស្ថិតនៅក្នុងតំបន់ត្រូពិច។ អ្នកស្រុកទាំងនោះឈរមើល ដោយទឹកមុខក្រៀមក្រំ តែទន្ទឹមនឹងនោះ ពួកគេក៏មានចិត្តស្ញប់ស្ញែងចំពោះបាតុភូមិធម្មជាតិនេះផងដែរ។ ភាគច្រើន ពួកគេហៅបាតុភូតនេះថា “ស្ថានសួគ៌”។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃនោះ កំអែលភ្នំភ្លើង ដែលបានហូរកាត់ភូមិភូណា រដ្ឋហាវ៉ៃ បានរំឭកពួកគេរាល់គ្នាថា ទ្រង់បានបង្កើតប្រជុំកោះនេះ ពីអំណាចភ្នំភ្លើង ដែលគ្មានមនុស្សណាអាចបង្រាបបាន។
មានពេលមួយ ប្រជាជនអ៊ីស្រាអែលនៅសម័យបុរាណ ក៏បានប្រឈមមុខដាក់អំណាចមួយ ដែលគ្មានមនុស្សណាអាចបង្រ្កាបបាន។ ពេលដែលស្តេចដាវីឌដណ្តើមហឹបសញ្ញាពីសត្រូវមកវិញ(២សំាយ៉ូអែល ៦:១-៤) ពិធីអបអរក៏បានប្រារព្ធឡើង(ខ.៥) ប៉ុន្តែ នៅពេលនោះ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ដោយសារគាត់លូកដៃទៅចាប់ទប់ហិបសញ្ញាឲ្យនឹង ពេលដែលគោកញ្រ្ជោលឡើង(ខ.៦-៧)។
រឿងនេះប្រហែលជាបានធ្វើឲ្យយើងគិតថា ព្រះទ័យរបស់ទ្រង់មិនអាចឲ្យយើងទាយស្មានបាន ដូចជាភ្នំភ្លើង ដោយទ្រង់ងាយនឹងបង្កើត ហើយក៏ងាយនឹងបំផ្លាញផងដែរ។ ប៉ុន្តែ យើងមិនត្រូវគិតដូចនេះឡើយ។ ក្នុងរឿងនេះ យើងត្រូវដឹងថា ព្រះជាម្ចាស់មានបន្ទូលបង្គាប់ពួកអ៊ីស្រាអែលយ៉ាងជាក់លាក់ អំពីរបៀបទុកដាក់វត្ថុ ដែលទ្រង់បានញែកសម្រាប់តែការថ្វាយបង្គំទ្រង់(មើលជនគណនា ៤)។ ពួកអ៊ីស្រាអែលមានឯកសិទ្ធិនៅក្នុងការចូលទៅជិតព្រះ ប៉ុន្តែ ព្រះវត្តមានទ្រង់មានអំណាចដ៏លើសលប់ បានជាពួកគេមិនអាចចូលទៅជិតទ្រង់ ដោយគ្មានការប្រុងប្រយ័ត្នបានឡើយ។
បទគម្ពីរហេព្រើរ ជំពូក១២ បាននិយាយអំពី ភ្នំ “ដែលមានភ្លើងឆេះ” ពេលដែលព្រះទ្រង់ប្រទានក្រឹត្យវិន័យ១០ប្រការដល់លោកម៉ូសេ។ ភ្នំនោះបានធ្វើឲ្យគេរាល់គ្នាភិតភ័យ(ខ.១៨-២១)។ ប៉ុន្តែ…
ការអធិស្ឋានដ៏ស្ថិតស្ថេរ
លោកអ៊ី អ៊ែម បោន(E. M. Bounds ឆ្នាំ ១៨៣៥ ដល់ ១៩១៣) បាននិពន្ធសៀវភៅជាច្រើនអំពីការអធិស្ឋាន ដែលបានលើកទឹកចិត្តមនុស្សជាច្រើនជំនាន់។ នៅក្នុងការនិពន្ធនោះ គាត់បានសរសេរថា “ការអធិស្ឋានមិនដែលចេះស្លាប់ឡើយ”។ ពាក្យមួយឃ្លានេះបាននាំឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍។ គាត់បានលើកឡើង អំពីអំណាច និងលក្ខណៈដ៏ស្ថិតស្ថេរនៃការអធិស្ឋានរបស់យើង ដោយរៀបរាប់ថា “បបូរមាត់ ដែលបន្លឺសម្លេងអធិស្ឋាន អាចបិទពេលមនុស្សស្លាប់ បេះដូងដែលប៉ះពាល់ដោយការអធិស្ឋាន អាចឈប់លោត ប៉ុន្តែ ការអធិស្ឋាននៅតែមានជីវិតរស់នៅចំពោះព្រះ ហើយព្រះទ័យរបស់ទ្រង់ នៅជាប់នឹងការអធិស្ឋាននោះ ហើយការអធិស្ឋានក៏មានអាយុវែងជាងមនុស្សដែលអធិស្ឋាន គឺមានអាយុវែងជាងមនុស្សមួយជំនាន់ វែងជាងសម័យកាលមួយ ក៏មានអាយុវែងជាងពិភពលោកផង”។
តើអ្នកធ្លាប់ឆ្ងល់ទេថា ការអធិស្ឋានរបស់អ្នក ជាពិសេសការអធិស្ឋានដែលកើតចេញពីទុក្ខលំបាក ការឈឺចាប់ និងទុក្ខវេទនាបានឮដល់ព្រះកាណ៍ព្រះឬទេ? ការអធិប្បាយដ៏មានន័យរបស់លោកបោន បានរំឭកយើង អំពីសារៈសំខាន់នៃការអធិស្ឋានរបស់យើង គឺដូចដែលមានចែងនៅក្នុងបទគម្ពីរវិវរណៈ ៨:១-៥។ បទគម្ពីរនេះនិយាយអំពីនគរស្ថានសួគ៌(ខ.១) ជាកន្លែងដែលបល្ល័ង្ករបស់ព្រះតាំងនៅ និងជាកន្លែងដែលទ្រង់គ្រប់គ្រងចក្រវាលទំាងមូល។ ពួកទេវតាឈរនៅពីមុខព្រះវត្តមានទ្រង់(ខ.២) ហើយមានទេវតាមួយអង្គ ដែលមានសណ្ឋានដូចពួកសង្ឃពីសម័យដើម បាននាំគ្រឿងក្រអូប និងការអធិស្ឋានរបស់រាស្រ្តទ្រង់(ខ.៣)។ យើងពិតជាមានការភ្លឺភ្នែក និងការលើកទឹកចិត្តណាស់ ដែលបានស្តាប់ការពិពណ៌នា អំពីទិដ្ឋភាពនៃការអធិស្ឋានដែលមនុស្សបានទូលថ្វាយពីផែនដី ឡើងទៅដល់ព្រះជាម្ចាស់នៅស្ថានសួគ៌(ខ.៤)។ ពេលដែលយើងគិតថា ការអធិស្ឋានរបស់យើងប្រហែលជាបាត់ ឬភ្លេច នៅតាមផ្លូវឆ្ពោះទៅរកព្រះជាម្ចាស់ នោះសូមយើងទទួលការកម្សាន្តចិត្ត…
ពិតជាអស្ចារ្យណាស់!
ក្មេងស្រីថ្នាក់ទី៧ម្នាក់បានចូលរួម នៅក្នុងការប្រកួតរត់ប្រណំាងថ្នាក់ជាតិជាលើកទីមួយ ប៉ុន្តែ នៅពេលដែលការប្រកួតមកដល់ នាងមិនចង់ទៅរត់មុខសោះ។ នាងបានត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួតនេះ តែនាងនៅតែខ្លាចរត់មិនឈ្នះគេ។ ទោះជាយ៉ាងណាក៏ដោយ នាងក៏បានចាប់ផ្តើមការប្រកួតជាមួយកីឡាករដទៃទៀត។ ក្រោយមក កីឡាកររត់ប្រណាំងទាំងឡាយក៏បានបញ្ចប់ការរត់ចម្ងាយ៣គីឡូម៉ែត្រ ទៅដល់ទីម្តងមួយៗ លើកលែងតែកីឡាករដ៏ស្ទាក់ស្ទើរម្នាក់នេះប៉ុណ្ណោះ ដែលមិនឃើញរត់នឹងគេ។ ទីបំផុត ម្តាយរបស់នាងដែលកំពុងមើលកូនស្រីរបស់ខ្លួនប្រកួត ក៏បានឃើញនាងឈរនៅម្នាក់ឯង។ គាត់ក៏បានទៅឈរនៅទី ដោយត្រៀមកម្សាន្តចិត្តអ្នកប្រកួតដែលកំពុងតែពិបាកចិត្តម្នាក់នេះ។ ពេលដែលអ្នករត់ប្រណំាងដ៏វ័យក្មេងនេះបានឃើញម្តាយរបស់នាង នាងក៏បានបន្លឺសម្លេងឡើងថា “ពិតជាប្រសើរណាស់!”
តើការរត់ទៅដល់ទីក្រោយគេ មានអ្វីដែលល្អ? គឺល្អនៅត្រង់ការបញ្ចប់ការរត់ប្រណាំងនោះឯង!
ក្មេងស្រីម្នាក់នេះបានព្យាយាមធ្វើកិច្ចការដែលពិបាក ហើយក៏បានសម្រេចកិច្ចការនោះ។ ព្រះគម្ពីរបានឲ្យកិត្តិយស ដល់អ្នកដែលខិតខំធ្វើការ ដោយឧស្សាហ៍ព្យាយាម។ ជាញឹកញាប់ យើងច្រើនតែឮគេនិយាយអំពីការខិតខំ និងឧស្សាហ៍ព្យាយាម នៅក្នុងវិស័យកីឡា ឬតន្រ្តី ឬក៏ការអ្វីផ្សេងទៀត ដែលតម្រូវឲ្យមានការស៊ូទ្រាំ និងប្រឹងប្រែង។
បទគម្ពីរសុភាសិត ១២:២៤ បានចែងថា “ដៃរបស់មនុស្សព្យាយាម នឹងបានឡើងគ្រប់គ្រង តែមនុស្សខ្ជិលច្រអូសនឹងត្រូវទទួលការបំរើវិញ”។ ហើយជំពូក១៤ ខ.២៣ ក៏បានចែងផងដែរថា “អស់ទាំងការដែលខំធ្វើ សុទ្ធតែមានកំរៃ តែសំដីទទេៗនាំឲ្យក្រខ្សត់វិញ”។ គោលការណ៍ទាំងនេះ មិនមែនជាការសន្យាទេ តែអាចជួយយើងឲ្យបម្រើព្រះជាម្ចាស់បានល្អ។
ផែនការដែលព្រះទ្រង់មានសម្រាប់យើង តែងតែរាប់បញ្ចូលការធ្វើការថ្វាយទ្រង់។ សូម្បីតែមុនពេលអ័ដាមដែលជាមនុស្សដំបូងធ្លាក់ចូលក្នុងអំពើបាប គាត់ក៏ត្រូវធ្វើការក្នុងសួនច្បាអេដែនជាអ្នកថែសួនផងដែរ(លោកុប្បត្តិ ២:១៥)។ ហើយរាល់ការប្រឹងប្រែងទាំងអស់ដែលយើងបានធ្វើ…
ស្រឡាញ់អ្នកខ្លាំងណាស់ ក្នុងពិភពលោក
ក្មួយស្រីរបស់ខ្ញុំ ឈ្មោះជេនណា(Jenna) មានអាយុ៣ឆ្នាំ។ ពេលនាងចង់បានអ្វីមួយ នាងច្រើនតែបង្ហាញចេញនូវអារម្មណ៍របស់នាង តាមរបៀបដែលគួរឲ្យស្រឡាញ់ណាស់។ ពេលណានាងស្រឡាញ់របស់អ្វីមួយ(គឺពិតជាស្រឡាញ់យ៉ាងខ្លាំង) ដែលមានដូចជា នំដុត ឬការលោតនៅលើគ្រែរឺស័រ ឬក៏ការបង្ហោះថាសជាដើម នាងតែងតែនិយាយឮៗថា នាងស្រឡាញ់វាណាស់ នៅក្នុងពិភពលោកទាំងមូល(ពេលនាងនិយាយថា “ពិភពលោកទាំងមូល” នាងក៏បានលើកដៃឡើងធ្វើកាយវិការដ៏គួរឲ្យចាប់អារម្មណ៍)។
ជួនកាល ខ្ញុំសួរខ្លួនឯងថា តើខ្ញុំធ្លាប់មានសេចក្តីស្រឡាញ់ខ្លាំងយ៉ាងនេះ នៅពេលណា? គឺស្រឡាញ់ដោយមិនខ្វល់អ្វី ឬគ្មានការភ័យខ្លាចអ្វីទាំងអស់?
កណ្ឌគម្ពីរយ៉ូហានបានចែងម្តងហើយម្តងទៀតថា “ព្រះទ្រង់ជាសេចក្តីស្រឡាញ់”(១យ៉ូហាន ៤:៨,១៦)។ យើងដែលជាមនុស្សពេញវ័យ ប្រហែលជានៅតែពិបាកយល់សេចក្តីពិតនេះ។ សេចក្តីស្រឡាញ់របស់ព្រះ គឺជាមូលដ្ឋានគ្រឹះដ៏ជ្រាវជ្រៅបំផុតនៃសេចក្តីពិត។ កំហឹង ការភ័យខ្លាច ឬភាពអាម៉ាស់របស់យើង មិនមែនជាមូលដ្ឋានគ្រឹះនៃសេចក្តីពិតឡើយ។ លោកិយបានបែងចែកមនុស្សជាក្រុមផ្សេងគ្នា ដោយផ្អែកទៅលើការអ្វីដែលយើងខ្លាចបំផុត ហើយជាញឹកញាប់ យើងបានចូលទៅក្នុងក្រុមទាំងនោះ ដោយមិនបានអើពើ ឬខ្វល់ចំពោះសម្លេងដែលដាស់តឿនយើង ឲ្យងាកមករកសេចក្តីពិតឡើយ។
តែក្នុងពេលនៃការបោកបញ្ឆោត និងការតយុទ្ធនឹងអំណាចលោកិយ(ខ.៥-៦) សេចក្តីពិតនៃសេចក្តីស្រឡាញ់របស់ព្រះ នៅតែជាប់នៅ ធ្វើជាពន្លឺដែលចែងចាំក្នុងភាពងងឹត ដោយត្រាស់ហៅយើងឲ្យស្គាល់ផ្លូវនៃការបន្ទាបខ្លួន ការទុកចិត្ត និងសេចក្តីស្រឡាញ់(១:៧-៩ ៣:១៨)។ ទោះពន្លឺនោះបានបើកបង្ហាញការពិតដែលធ្វើឲ្យចិត្តយើងឈឺចាប់យ៉ាងណាក៏ដោយ ក៏យើងនៅតែអាចដឹងថា ព្រះអង្គនៅតែស្រឡាញ់យើងជានិច្ច(៤:១០,១៨ និង រ៉ូម ៨:១)។
ពេលដែលជេនណាផ្អែកមកលើខ្ញុំ ហើយខ្សិបដាក់ខ្ញុំថា នាងស្រឡាញ់ខ្ញុំខ្លាំងណាស់ នៅលើពិភពលោកទំាងមូល ខ្ញុំក៏បានខ្សិបដាក់នាងវិញថា ខ្ញុំក៏ស្រឡាញ់នាងខ្លាំងណាស់…
មិនអស់សង្ឃឹម
ពេលដែលមិត្តភក្តិខ្ញុំម្នាក់ទៅពិនិត្យសុខភាពរកឃើញថា គាត់មានជម្ងឺមហារីក វេជ្ជបណ្ឌិតក៏ប្រាប់គាត់ឲ្យកាត់ចិត្ត។ នាងក៏បានទូរស័ព្ទមកខ្ញុំ ទាំងខ្សិបខ្សួល ដោយការព្រួយបារម្ភអំពីស្វាមី និងកូនតូចៗរបស់នាង។ ខ្ញុំក៏បានចែកចាយសំណូមពរអធិស្ឋានបន្ទាន់របស់គាត់ ដល់មិត្តភក្តិរបស់យើងដទៃទៀត។ យើងក៏មានអំណរឡើង ពេលដែលវេជ្ជបណ្ឌិតទីពីរបានលើកទឹកចិត្តនាង កុំឲ្យអស់សង្ឃឹម ហើយបានបញ្ជាក់ថា ក្រុមគ្រូពេទ្យរបស់គាត់ នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីព្យាបាលនាង។ នៅថ្ងៃខ្លះនាងមានអារម្មណ៍ថា ពិបាកជាងថ្ងៃផ្សេងទៀត ប៉ុន្តែ នាងបានផ្តោតចិត្តទៅលើព្រះ ជាជាងផ្តោតទៅលើទុក្ខលំបាកដែលនាងកំពុងប្រឈមមុខ។ នាងមិនបោះបង់ចោលការតស៊ូឡើយ។
ជំនឿរបស់មិត្តភក្តិខ្ញុំមានការស៊ូទ្រាំ ហើយបានធ្វើឲ្យខ្ញុំនឹកចាំស្រ្តីម្នាក់ដែលស្ថិតក្នុងភាពអស់សង្ឃឹម នៅក្នុងបទគម្ពីរលូកា ជំពូក៨។ នាងបានរងទុក្ខវេទនា ការខកចិត្ត និងភាពឯកោ ដែលបានអូសបន្លាយពេលអស់១២ឆ្នាំហើយ។ ពេលដែលនាងដឹងថា ព្រះយេស៊ូវយាងមក នាងក៏បានតាមពីក្រោយទ្រង់ ហើយលូកដៃទៅពាល់ជាយព្រះពស្ត្រទ្រង់។ នាងក៏បានទទួលការប្រោសឲ្យជាភ្លាមៗ ដោយសារជំនឿរបស់នាង ដែលជាក្តីសង្ឃឹមដ៏មុតមាំ … ដោយជឿថា ព្រះយេស៊ូវអាចធ្វើអ្វី ដែលមនុស្សមិនអាចធ្វើបាន … ទោះនាងស្ថិតក្នុងស្ថានភាពអស់សង្ឃឹមយ៉ាងណាក៏ដោយ(ខ.៤៣-៤៤)។
យើងប្រហែលជាមានអារម្មណ៍ឈឺចាប់ ដែលហាក់ដូចជាគ្មានទីបញ្ចប់ ឬស្ថិតក្នុងស្ថានភាពដែលហាក់ដូចជាគ្មានសង្ឃឹម ឬក៏កំពុងតែរង់ចំាអ្វីមួយ ដែលហាក់ដូចជាមិនអាចអត់ធ្មត់បានតទៅទៀត។ ខណៈពេលដែលយើងបន្តទុកចិត្តព្រះយេស៊ូវ ជួនកាល យើងមិនបានទទួលការប្រោសឲ្យជាដែលយើងចង់បាន។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវបានអញ្ជើញយើង ឲ្យបន្តឈោងទៅរកទ្រង់ ទុកចិត្តទ្រង់ ហើយបន្តមានសង្ឃឹម ព្រមទាំងជឿថា ទ្រង់តែងតែអាចប្រោសយើង តែងតែអាចឲ្យយើងទុកចិត្ត…
ធ្វើកិច្ចការបន្ទាប់
តើអ្នកធ្លាប់មានអារម្មណ៍ថា ចង់ជួយនរណាម្នាក់ តែអ្នកបានបណ្តោយឲ្យឱកាសកន្លងផុតទៅបាត់ ដោយមិនមានការឆ្លើយតបអ្វីសោះ? ក្នុងសៀវភៅមានចំណងជើងថា ក្បួន១០វិនាទី អ្នកស្រីឃ្លែរ ដឺ ក្រាហ្វ(Clare De Graaf) បានលើកឡើងថា ការជំរុញចិត្តប្រចាំថ្ងៃ អាចជាវិធីមួយ ក្នុងចំណោមវិធីជាច្រើន ដែលព្រះទ្រង់ប្រើ ដើម្បីត្រាស់ហៅយើង ឲ្យចូលទៅក្នុងការដើរខាងវិញ្ញាណកាន់តែស៊ីជម្រៅ គឺក្នុងជីវិតដែលមានការស្តាប់បង្គាប់ ដែលជំរុញដោយក្តីស្រឡាញ់ ចំពោះទ្រង់។ ក្បួន១០វិនាទីនោះ លើកទឹកចិត្តអ្នកឲ្យគ្រាន់តែ “ធ្វើកិច្ចការបន្ទាប់ ដែលអ្នកដឹងច្បាស់ថា ព្រះយេស៊ូវពិតជាសព្វព្រះទ័យឲ្យអ្នកធ្វើ” ហើយអ្នកធ្វើវាតែម្តង “មុនពេលអ្នកផ្លាស់ប្តូរគំនិតលែងចង់ធ្វើវា”។
ព្រះយេស៊ូវមានបន្ទូលថា “បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ”(យ៉ូហាន ១៤:១៥)។ យើងប្រហែលជាគិតថា ខ្ញុំស្រឡាញ់ព្រះអង្គ តើធ្វើដូចម្តេច ឲ្យខ្ញុំអាចដឹងច្បាស់ថា ព្រះអង្គពិតជាសព្វព្រះទ័យឲ្យខ្ញុំធ្វើកិច្ចការនោះមែន? ព្រះយេស៊ូវបានប្រទានអ្វីដែលយើងត្រូវការ ដោយប្រាជ្ញារបស់ទ្រង់ ដើម្បីឲ្យយើងអាចយល់ និងអនុវត្តតាមប្រាជ្ញា ដែលមាននៅក្នុងព្រះគម្ពីរ។ ទ្រង់ធ្លាប់មានបន្ទូលថា “នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ គឺជាព្រះវិញ្ញាណនៃសេចក្តីពិត”(ខ.១៦-១៧)។ គឺដោយសារព្រះរាជកិច្ចនៃព្រះវិញ្ញាណ ដែលគង់នៅជាមួយយើង និងក្នុងយើង ដែលបានជួយយើង ឲ្យអាចរៀនស្តាប់បង្គាប់ព្រះយេស៊ូវ ហើយ “កាន់តាមបញ្ញត្តិរបស់ទ្រង់”(ខ.១៥) ដោយឆ្លើយតបចំពោះការបណ្តាលចិត្តមកពីទ្រង់ នៅថ្ងៃនីមួយៗ(ខ.១៧)។
ព្រះវិញ្ញាណបណ្តាលចិត្តយើង ឲ្យធ្វើកិច្ចការតូចធំ…
មិនខ្លាចទៀតឡើយ
មានមនុស្សប្រុស៧នាក់បានចាប់ជំរិតក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ដោយសែងនាងចូលទៅក្នុងព្រៃ ហើយក៏បានវាយដំធ្វើបាបនាង។ ទោះជាយ៉ាងណាក៏ដោយ ការអស្ចារ្យក៏បានកើតឡើង ដោយមានសត្វតោមួយហ្វូងតូច បានឮសម្លេងស្រែកយំរបស់ក្មេងស្រីនោះ ក៏បានស្ទុះរត់ចូលមក ហើយក៏បានដេញមនុស្សអាក្រក់ទាំងនោះចេញអស់ទៅ។ បន្ទាប់ពីការចាប់ជំរិតនេះកើតឡើងបានមួយសប្តាហ៍ ប៉ូលីសប្រទេសអេធីយ៉ូពីក៏បានរកនាងឃើញ នៅក្នុងកណ្តាលចំណោមមានសត្វតោឈ្មោលបីក្បាលដែលមានរោមកពណ៌ខ្មៅ ដែលកំពុងតែការពារនាង គឺហាក់ដូចជាបានចាត់ទុកនាងជាគ្នារបស់វាអញ្ចឹង។ លោកពលបាល វុនឌីមូ(Wondimu) ក៏បានប្រាប់អ្នកសារពត៌មានថា “សត្វតោទាំងនោះបានឈរការពារនាង រហូតដល់ពេលដែលយើងរកនាងឃើញ ហើយបន្ទាប់មក ពួកវាក៏បានចាកចេញពីនាង ដោយប្រគល់នាងមកយើងដូចអំណោយ ហើយក៏បានវិលត្រឡប់ទៅក្នុងព្រៃវិញអស់”។
នៅថ្ងៃខ្លះ អំពើហឹង្សា និងការអាក្រក់បានកើតឡើង ដោយយើងគ្មានសមត្ថភាពអ្វីដើម្បីជួយគេបាន គឺមានតែភាពអស់សង្ឃឹម និងការភ័យខ្លាច គឺដូចដែលបានកើតឡើងមកលើក្មេងស្រីម្នាក់នេះដែរ។ នៅសម័យបុរាណ ប្រជាជនយូដាក៏បានជួបរឿងដូចនេះផងដែរ។ ពួកគេត្រូវខ្មាំងសត្រូវដ៏សាហាវហ៊ុមព័ទ្ធ ដោយគ្មានសង្ឃឹមថា នឹងអាចរត់គេចបាន។ ពួកគេមានពេញដោយការភ័យខ្លាច។ ទោះជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់នៅតែបង្ហាញព្រះវត្តមានទ្រង់ជាថ្មីម្តងទៀត ដល់រាស្រ្តទ្រង់។ គឺដូចដែលលោកហោរាសេផានាបានថ្លែងថា “ព្រះយេហូវ៉ា ទ្រង់បានលើកទោសឯងចោល ទ្រង់បានបោះខ្មាំងសត្រូវរបស់ឯងចេញហើយ ឯស្តេចនៃសាសន៍អ៊ីស្រាអែល គឺព្រះយេហូវ៉ា ទ្រង់គង់នៅកណ្តាលឯង ឯងមិនត្រូវរងការអាក្រក់ទៀតឡើយ” (សេផានា ៣:១៥)។ សូម្បីតែនៅពេលដែលយើងជួបគ្រោះមហន្តរាយ ដោយសារការបះបោររបស់យើង ក៏ព្រះទ្រង់នៅតែយាងមកជួយសង្រ្គោះយើង។ គឺដូចមានសេចក្តីចែងថា “ព្រះយេហូវ៉ា ដ៏ជាព្រះនៃឯង ទ្រង់គង់នៅកណ្តាលឯង ទ្រង់ជាព្រះដ៏មានឥទ្ធិឫទ្ធិ ដើម្បីជួយសង្គ្រោះ”(ខ.១៧)។
ទោះយើងមានបញ្ហាអ្វី ដែលយើងមិនអាចដោះស្រាយរួច…
មនុស្សជាតិថ្មីមួយ
កាលខ្ញុំកំពុងទស្សនាកន្លែងដាក់តាំងស្នាដៃសិល្បៈ ថេត ម៉ូដឺន នៅទីក្រុងឡុង មានរូបចម្លាក់មួយ បានធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ វាជាស្នាដៃរបស់សិល្បៈករប្រេស៊ីល ឈ្មោះ ស៊ីលដូ មេរេលេ(Cildo Meireles)។ វាជាអង់តែនយក្សមួយ ដែលត្រូវបានកែឆ្នៃពីវិទ្យុចាស់ៗរាប់រយគ្រឿង។ គេបានបើកវិទ្យុនីមួយៗឡើង ដោយបើកចូលប៉ុស្តិ៍ខុសៗគ្នា បង្កើតបានជាសម្លេងនិយាយកុងគ្នា រកស្តាប់អ្វីមិនយល់។ លោកមេរេលេក៏បានហៅរូបចម្លាក់នោះថា ប៉មបាបិល ។
ការដាក់ឈ្មោះដូចនេះ គឺសមហើយ។ មនុស្សសម័យដើមបានសង់ប៉មបាបិលដំបូងបំផុត ដើម្បីឈោងឲ្យដល់ស្ថានសួគ៌ ហើយព្រះទ្រង់ក៏បានបង្អាក់ការព្យាយាមរបស់ពួកគេ ដោយធ្វើឲ្យពួកគេមានភាសាខុសៗគ្នា(លោកុប្បត្តិ ១១:១-៩)។ ដោយសារ មនុស្សជាតិមិនអាចទំនាក់ទំនងគ្នាបានដូចមុន ពួកគេក៏បានបែកបាក់គ្នា ក្លាយជាទៅអំបូរមនុស្សខុសគ្នាៗ ដោយមានភាសាផ្សេងៗគ្នា(ខ.១០-២៦)។ ពួកគេមានការបែកបាក់គ្នាដោយសារមានភាសាខុសគ្នា ហើយចាប់តាំងពីពេលនោះមក ពួកគេក៏មានការពិបាកនៅក្នុងការទំនាក់ទំនងគ្នា។
ប៉ុន្តែ រឿងនេះនៅមានផ្នែកទីពីរទៀត។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងចុះមកសណ្ឋិតគ្រីស្ទបរិស័ទដំបូង នៅថ្ងៃបុណ្យទី៥០ ទ្រង់ក៏បានធ្វើឲ្យពួកគេអាចសរសើរដំកើងព្រះជាម្ចាស់ ដោយប្រើភាសារបស់ជាតិសាសន៍ជាច្រើន ដែលមកទស្សនាទីក្រុងយេរូសាឡិមនៅថ្ងៃនោះ (កិច្ចការ ២:១-១២)។ តាមរយៈការអស្ចារ្យនេះ មនុស្សម្នាក់ៗដែលមកផ្តុំគ្នានៅទីនោះ បានស្តាប់ឮព្រះរាជសារតែមួយ ដែលបានថ្លែងជាភាសាផ្សេងៗគ្នា ទោះពួកគេមានសញ្ជាតិអ្វី ឬនិយាយភាសាអ្វីក៏ដោយ។ ដូចនេះ ការបំភាន់ភាសានៅសម័យប៉មបាបិល ក៏បានប្រែក្លាយជាការយល់ព្រះរាជសារតែមួយ ដែលបានថ្លែងជាភាសាខុសគ្នា នៅគ្រាសញ្ញាថ្មី។
នេះជាដំណឹងល្អ សម្រាប់ពិភពលោកដែលមានការបែងចែកជនជាតិ និងវប្បធម៌ខុសៗគ្នា។ ព្រះជាម្ចាស់កំពុងតែបង្កើតឲ្យមានមនុស្សជាតិថ្មីមួយ ចេញពីជាតិសាសន៍ ពូជអំបូរ…
កន្លែងដែលមានសុវត្ថិភាពបំផុត
មានពេលមួយ ខ្យល់ព្យុះកំបុតត្បូងផ្លូរិន កំពុងតែបក់បោកមកលើទីក្រុងវីលមីងតុន រដ្ឋឃែរ៉ូឡាយណាខាងជើង ដោយកម្លាំងដ៏វិនាសកម្ម។ ពេលនោះ កូនស្រីរបស់ខ្ញុំបានត្រៀមខ្លួនចាកចេញពីផ្ទះរបស់នាង។ នាងបានរង់ចំារហូតដល់ពេលចុងក្រោយ ដោយសង្ឃឹមថា ខ្យល់ព្យុះនឹងផ្លាស់ប្តូរទិសដៅរបស់វា។ ប៉ុន្តែ មិនយូរប៉ុន្មាន នាងក៏បានប្រញ៉ាប់ប្រញ៉ាល់ប្រមូលក្រដាស់ រូបថត និងរបស់ទ្រព្យសំខាន់ៗ ដោយសម្រេចចិត្តថា អ្វីត្រូវទុក អ្វីត្រូវយកទៅ។ ក្រោយមក នាងក៏បានប្រាប់ខ្ញុំថា នាងមិននឹកស្មានថា នាងមានការពិបាកនៅក្នុងការចាកចេញសោះ ប៉ុន្តែ នៅពេលនោះ នាងមិនដឹងថា នឹងមានអ្វីខ្លះនៅសេសសល់ពេលដែលនាងត្រឡប់មកវិញ។
ខ្យល់ព្យុះនៃជីវិតបានចូលមករកយើង តាមទម្រង់ខុសៗគ្នាជាច្រើន ដូចជា ខ្យល់ព្យុះកំបុតត្បូង ខ្យល់កូចយក្សថូនេដូ រញ្ជួយដី ទឹកជំនន់ និងបញ្ហាដែលមិននឹកស្មានដល់ ក្នុងទំនាក់ទំនងជាមួយប្តីប្រពន្ធ ឬជាមួយកូន បញ្ហាសុខភាព ឬហិរញ្ញវត្ថុដែលកើតឡើងភ្លាមៗ។ របស់ជាច្រើនដែលយើងឲ្យតម្លៃ អាចត្រូវខ្យល់ព្យុះទាំងនោះបក់នាំយកទៅបាត់ ក្នុងពេលតែមួយពព្រិចភ្នែក។
ព្រះគម្ពីរបានចង្អុលបង្ហាញយើង ឲ្យងាកទៅរកកន្លែងដែលមានសុវត្ថិភាពបំផុត ពេលដែលយើងជួបខ្យល់ព្យុះនៃជីវិត។ គឺដូចមានសេចក្តីចែងថា “ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន។ ហេតុនោះ យើងខ្ញុំនឹងមិនខ្លាចឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើធ្លាក់ចុះ នៅកណ្តាលសមុទ្រក៏ដោយ”(ទំនុកដំកើង ៤៦:១-២)។
អ្នកនិពន្ធនៃទំនុកដំកើងនេះ ជាកូនចៅជំនាន់ក្រោយរបស់បុរសម្នាក់ដែលធ្លាប់បម្រើព្រះ តែក្រោយមកក៏បានបះបោរប្រឆាំងនឹងទ្រង់ ហើយក៏ជួបសេចក្តីហិនវិនាស នៅក្នុងគ្រោះរញ្ជួយដី(មើលជនគណនា ២៦:៩-១១)។…